ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។
ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅពីលើ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន
ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។
ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។
នៅក្នុងព្រះបរមរាជវាំងមានប្រាសាទដូចជា ៖
ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ - ១៩១៧ ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។ ទំហំប្រាសាទ បណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖
- ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
- ព្រះរាជពិធីបុណ្យទ្វារទសមាស
- ព្រះរាជសាវនាការថ្វាយសារតាំង
- ពិធីសច្ចាប្រណិធាន
- ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិត ហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរ ព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និងព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែលបែរព្រះភក្ត្រទៅរកទិសទាំង៤។
ព្រះមហាប្រាសាទខេមរិន្ទ ស្ថិតនៅខាងលិច ឈៀងខាងជើង ប្រាសាទទេវាវិនិច្ឆ័យ កសាងក្នុងឆ្នាំ ១៩២៧ - ១៩៣០ ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាល [[ស៊ីសុវត្ថិមុនីវង្ស|ព្រះបាទស៊ីសុវត្ថិមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ ប្រាសាទនេះ ត្រូវបានព្រះមហាក្សត្រប្រើប្រាស់សំរាប់ ទទួលភ្ញៀវកិត្តិយសធំៗ បណ្ដាប្រមុខរដ្ឋបរទេស ដែលមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាស្នាក់អាស្រ័យ ដូចជា លោកប្រធានាធិបតីបារាំងសាលដឺហ្គោល ជាដើម។
ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុ ជាព្រះរាជដំណាក់ថ្មី សម្រាប់ព្រះមហាក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ជាព្រះវររាជមាតា របស់ព្រះអង្គតាំងឧបោសថសិលនៅទីនោះ ក្រោយពេលដែលព្រះស្វាមី ព្រះបាទនរោត្តមសុរាម្រិត បានចូលទិវង្គត។ ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំង ហើយក្រោយមកទៀត ត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យ កសាងឡើងក្នុងឆ្នាំ ១៩១៥ - ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀម ប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ ។ នៅជាន់ខាងលើ ជាបន្ទប់សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយមុននិងក្រោយ ពេលព្រះអង្គទ្រង់គង់ និងចុះពីគជេន្ទ្រ នៅពេលត្រលប់ពីបរបាញ់សត្វ។ ប្រាសាទនេះបានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមាន តម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋ នៃបណ្តាប្រទេសជាមិត្តថ្វាយដល់ ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវ បានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញនៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។
ប្រាសាទច័ន្ទឆាយាកសាង ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងនៃព្រះបរមរាជវាំង ឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំង ដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ទេ គឺជាធ្លាសម្រាប់រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាព និង ព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាតិ និងអន្តរជាតិ ជាន់ខ្ពស់។ បច្ចុប្បន្ន ប្រាសាទនេះ គឺសំរាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងជាវេទិកាកិត្តិយស ពេលដែលព្រះមហាក្សត្រ ទ្រង់ថ្លែងសុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមានពិធីបុណ្យសំខាន់ៗ ដូចជា ថ្ងៃបុណ្យឯករាជ្យជាតិ របស់កម្ពុជា គឺថ្ងៃទី៩ខែវិច្ឋិកា ដែលប្រារព្ធធ្វើពិធីធំ ក្នុងរយៈពេល៥ឆ្នាំម្ដង ផ្សេងៗ។
មានដំកល់ព្រះពុទ្ឋបដិមា១អង្គ ធ្វើអំពីត្បូងកែវដ៏មានតំលៃដែលមានព៌ណដូចមរកត។ រូបព្រះកែវមរកតពិតនោះត្រូវបានសៀមប្រមូលយកទៅជាមួយនឹងរូបព្រះគោនៅពេលវាយលុកបានក្រុងអង្គរ
ក្នុងឆ្នាំ ១៤២០។ ភ្ញៀវបរទេសនិយមហៅថា វត្តប្រាក់ ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ឋដែលមានទំងន់១,១២៥គីឡូក្រាម ក្នុងមួយសន្លឹក ហើយមានចំនួនសរុប ៥,៣២៩សន្លឹកការ៉ូប្រាក់។ ។ ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងអំពីឈើដោយព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៩២ រួចសាងសង់ជាថ្មី ឡើងវិញអំពីថ្ម ដោយព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២។ វត្តនេះមានឈ្មោះថាវត្ត តែពុំមានព្រះសង្ឃគង់នៅ ដូចវត្តដ៏ទៅឡើយ។កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទនរោត្តមសីហនុទេដែលគង់នៅទីនោះ ព្រោះព្រះអង្គ បានសាងព្រះផ្នួស អស់រយៈពេល១ព្រះវស្សា គឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។
EmoticonEmoticon